កីឡាករ កីឡាការិនីខ្មែរនៅអាមេរិក ដែលលេងកីឡាគិតពិន្ទុទោះបីធ្លាប់បានមេដាយច្រើនសន្ធឹកសន្ធាប់ពីមុនមក ក៏នៅតែត្រូវចូលរួមការធ្វើតេស្ដជាមួយកីឡាករខ្មែរក្នុងស្រុកជាមុនសិន ប្រសិនបើចង់ជាប់ជម្រើសជាតិកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានមានប្រសាសន៍ក្រោយចុះអនុស្សារណៈយោគយល់ជាមួយសមាគមកីឡា
កម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
សម្រាប់អត្តពលិកដែលប្រកួតប្រភេទកីឡាគិតលើថិរវេលាដែលមានកំណត់ត្រាល្អវិញមិនចាំបាច់តម្រូវឱ្យធ្វើតេស្ដជាមួយកីឡាករក្នុងស្រុកទេ តែក៏ត្រូវតែច្បាស់លាស់លើខ្លួនឯងដែរ។
គោលបំណងនៃអនុស្សារណៈយោគយល់គ្នានេះ គឺដើម្បីលើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំយុវជននិងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។