មានពេលធ្វើលំហាត់ប្រាណ បង្កើតមិត្តភាព មានសុខភាពល្អ ចៀសឆ្ងាយពីការចំណាយពេលលើទូរសព្ទ អាយផេត ជាដើមនោះ ជាអត្ថប្រយោជន៍ដ៏សំខាន់ៗដែលកុមារទទួលបាន ពេលបានចូលរួមសាលាបាល់ទាត់។ នេះជាការលើកឡើងរបស់លោក Clement Teo នាយកបច្ចេកទេសក្លឹបបាល់ទាត់បឹងកេត។
អ្នកជំនាញកីឡាបាល់ទាត់ជនជាតិសិង្ហបុរីទទូចថា ពេលធ្វើដំណើរទៅណាម្ដងៗ ដូចជាទៅផ្សារជាដើមនោះ ឧស្សាហ៍ឃើញក្មេងលេងទូរសព្ទ លេងអាយផេត មិនសូវមានការប្រាស្រ័យទាក់ទងគ្នា ដូច្នេះលោកគិតថា ឪពុកម្ដាយគួរតែឆ្លៀតបញ្ជូនកូនៗចូលសាលាបាល់ទាត់ដើម្បីមានពេលលេងកីឡា បង្កើតមិត្តភាពជាដើម។
ក្លឹបបាល់ទាត់បឹងកេតនាពេលបច្ចុប្បន្ននេះកំពុងដំណើរការសាលាបាល់ទាត់ចំនួន៣ទីតាំងដូចជាក្នុងបរិវេណបុរីប៉េងហួតបឹងស្នោរ, ទីលាន Rooy 7 និង Real Soccer ហើយគ្រោងពង្រីកសាខានាពេលឆាប់ៗនេះដែរ៕