Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូទូកនាគជនជាតិមីយ៉ាន់ម៉ាបង្ហាញទម្លាប់ពិសេសមួយដែលធ្វើឱ្យក្រុមខ្លួនខ្លាំង

លោក Naing Naing Htoo គ្រូបង្គោលក្រុមទូកនាគជម្រើសជាតិកម្ពុជា ដែលជាជនជាតិមីយ៉ាន់ម៉ាបានចែករំលែកបទពិសោធពីការហ្វឹកហាត់សម្រាប់ជម្រើសជាតិប្រទេសខ្លួនថា រយៈពេលនៃការប្រមូលផ្ដុំទូទៅ គឺមានរយៈពេល២ឆ្នាំ ហើយមិនអាចចេញទៅក្រៅបានទេ លើកលែងតែការងារចាំបាច់បំផុត ត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។

សម្រាប់កីឡាករកីឡាការិនីភាគច្រើនជាយុវជនដែលជ្រើសរើសពីការប្រកួតថ្នាក់ជាតិ ហើយការប្រមូលផ្ដុំម្ដងៗមានទាំងបុរស និងនារី និងមាន១៤ប្រភេទផ្សេងៗគ្នា។ បន្ទាប់មកក៏សម្រេចចម្រាញ់យកសមាសភាពចុងក្រោយ។

អតីតកីឡាករជម្រើសជាតិទូកនាគមីយ៉ាន់ម៉ាបន្ថែមទៀតថា កីឡាមួយនេះពិតជាមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសខ្លាំង ដោយសម្បូរការប្រកួត និងមានការជ្រោមជ្រែងច្រើនពីរដ្ឋាភិបាល ដូច្នេះមិនខ្វះធនធានសម្រាប់ជ្រើសរើសទេ។

បើនិយាយពីកីឡាករកម្ពុជាវិញមុនចេញទៅប្រកួតនៅរុស្ស៊ីថ្មីៗនេះមានការប្រមូលផ្ដុំហ្វឹកហាត់តែ២ខែប៉ុណ្ណោះ តែអាចដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ២គ្រឿង។ ប៉ុន្តែលោកថា កីឡាករខ្មែរពិបាកបន្តិចត្រង់ថា ប្រមូលផ្ដុំតែប៉ុន្មានថ្ងៃ ក៏មានអារម្មណ៍នឹកផ្ទះ។ លោកថា ការហ្វឹកហាត់លក្ខណៈជម្រើសជាតិ គឺត្រូវតែស្ដង់ដារអាជីពតែម្ដង ដើម្បីឈានទៅទទួលបានសមត្ថភាពល្អ។

លោក Naing Naing Htoo ធ្លាប់ជាកីឡាករជម្រើសជាតិទូកនាគមីយ៉ាន់ម៉ាពីចន្លោះឆ្នាំ១៩៩២ដល់២០០១ ដោយរួមចំណែកឈ្នះមេដាយមាស និងមេដាយផ្សេងៗទៀតជាច្រើនទាំងនៅស៊ីហ្គេម និងើងឯកអាស៊ីអាគ្នេយ៍ ហើយលោកក៏ធ្លាប់ជាគ្រូបង្គោលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងសិង្ហបុរី មុនមកកម្ពុជា២ឆ្នាំចុងក្រោយនេះ៕