អ្នកនាង សាន់ សុគន្ធារី ភរិយាកីឡាករគុនចម្រុះជាតិកម្ពុជា ឡុង ឡា ប្រាប់ថា បានដាក់ច្បាប់កន្លែងការងារនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ធ្វើដំណើរមករាជធានីភ្នំពេញដើម្បីលើកទឹកចិត្តស្វាមីប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី នៅពហុកីឡដ្ឋានជាតិរយៈពេល៣ថ្ងៃ។
ស្ត្រីខាងលើប្រាប់ថា បានចាប់ដៃបង្កើតគ្រួសារជាមួយឡុង ឡា រយៈពេល៦ឆ្នាំហើយ ហើយសព្វថ្ងៃមានកូន៣នាក់។ នេះមិនមែនជាលើកទី១ទេដែលបានទៅទស្សនាការប្រកួតរបស់ស្វាមី ដោយអ្នកនាងក៏ធ្លាប់ធ្វើបែបនេះរហូតមកដែរ ម្យ៉ាងម្ចាស់កន្លែងលក់ដូរក៏ជាអ្នកគាំទ្រកីឡា ដូច្នេះបានបង្កលក្ខណៈងាយស្រួលដល់អ្នកនាង។
អ្នកនាង សាន់ សុគន្ធារី រំឭកដែរថា បានស្គាល់ស្វាមីកាលរូបលោកទៅប្រកួតនៅប្រទេសថៃ និងបានឆ្លងកាត់ខេត្តបន្ទាយមានជ័យ ហើយអ្នកនាងក៏ជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរមួយរូបដែរ។ អ្នកនាងបន្តថា ធ្លាប់លើកឡើងពីបំណងចង់ឱ្យស្វាមីឈប់អាជីពឈឺសាច់នេះ តែលោកនៅមិនទាន់មានគម្រោងព្យួរហ្គង់នៅឡើយទេ៕