កាលពីចុងសប្តាហ៍កន្លងទៅនេះមាននៅកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយរវាងក្រុមបុគ្គលិក និងអតីតបុគ្គលិកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងក្រុមបុគ្គលិកអាកាសចរមកពីប្រទេសសិង្ហបុរីដែលបានប្រព្រឹត្តឡើងនៅក្នុងបរិវេណកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ។ ក្នុងនោះលោក ឯម ស៊ីដា អ្នកតំណាងក្រុមកីឡាករអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបានលើកឡើងអំពីគោលបំណង៣ធំៗរបស់កម្មវិធីគឺក្នុងន័យរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា ការរៃអង្គាសប្រាក់យកទៅជួយតាមមណ្ឌលកុមារកំព្រា និងក៏ជាការរួមចំណែកបង្កើននៅចរន្តទេសចរណ៍ក្នុងស្រុកមួយផ្នែកផងដែរ។
បុរសវ័យ៣៥ឆ្នាំបន្តទៀតថាសម្រាប់លោកក៏ដូចជាសមាជិកទាំងអស់នឹងបន្តរក្សានៅកម្មវិធីការប្រកួតបាល់ទាត់នេះឱ្យបានជារៀងរាល់ឆ្នាំ ហើយធ្វើយ៉ាងណាត្រូវតែផ្សាភ្ជាប់រូបភាពនៃការលេងកីឡាមួយនេះជាមួយនឹងការងារសង្គម។
លើសពីនេះទៀត តាមការបញ្ជាក់ពីលោក ឯម ស៊ីដា នៅឆ្នាំក្រោយពួកគាត់នឹងគ្រោងធ្វើកម្មវិធីនៃការប្រកួតបាល់ទាត់សប្បុរសធម៌មួយនេះនៅតាមតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជានៅតាមបណ្តាលខេត្តនានាទៀត ដើម្បីឱ្យមិត្តបរទេសដែលចូលរួមទាំងអស់ស្គាល់កាន់តែច្បាស់នៅសម្រស់របស់ប្រទេសកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា នេះមិនមែនជាឆ្នាំដំបូងឡើយដែលក្រុមបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុន អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងក្រុម Flyboys របស់ សិង្ហបុរីពួតដៃគ្នាបង្កើតការប្រកួតបាល់ទាត់សប្បុរសធម៌នេះឡើង ពោលមានតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ៕