Skip to content
    ទំព័រដើម  »  កីឡាជាតិ

រស់ ស៊ីរដ្ឋា និយាយបែបនេះចំពោះក្រុមថ្មីៗដែលធ្វើពុំទាន់ល្អបាល់ទាត់ក្នុងសាល

លោក រស់ ស៊ីរដ្ឋា កីឡាករប្រចាំក្រុម MIHEL SEOUL YOUNG GUN និងក៏ជាអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាលក្នុងនាមជារៀមច្បងមួយរូបបានលើកឡើងទៅកាន់ក្រុមថ្មីៗ និងយុវជនជំនាន់ក្រោយដែលពុំទាន់ធ្វើបានល្អក្នុងការប្រកួតប្រជែងនានានោះដោយរដ្ឋាបានលើកទឹកចិត្តឱ្យពួកគេបន្តខិតខំថែមទៀត ហើយកុំបាក់ទឹកចិត្ត និងកុំផ្តោតលើលទ្ធផលទាំងអស់នោះខ្លាំងពេក។ បុរសវ័យ៣៣ឆ្នាំដដែលបន្ថែមទៀតថាគ្រប់គ្នាគួរតែយកចិត្តទុកដាក់ឱ្យខ្លាំងមែនទែនលើការពង្រឹងសមត្ថភាពបន្ថែម ពិសេសបំផុតនោះគឺលំហាត់ពីថ្នាក់មូលដ្ឋានគ្រឹះផ្សេងៗ។

កូនអ្នកភ្នំពេញខាងលើបន្តថាសម្រាប់គាត់ពិតជាមានជំនឿចិត្តខ្ពស់លើយុវជនទាំងអស់គ្នា ឱ្យតែតាំងចិត្តលេងជាមួយបាល់ទាត់ក្នុងសាលមួយនេះ ពួកគេអាចក្លាយជាធនធានសម្រាប់ប្រទេសនៅថ្ងៃមុខបានផងដែរ។

គួររំឭកផងដែរថា រស់ ស៊ីរដ្ឋា ផ្តើមប្រឡូក្នុងបាល់ទាត់ក្នុងសាលដំបូងអំឡុងឆ្នាំ២០១០-២០១១ ជាមួយនឹងក្រុមស្នងការនគរបាលជាតិ និងបន្តលេងមករហូតដល់សព្វថ្ងៃនេះដែលជាតួអង្គសំខាន់មួយរូបប្រចាំក្រុម MIHEL SEOUL YOUNG GUN ៕